សមាជិការដ្ឋសភាក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី១១ ខែឧសភានេះ បានបោះឆ្នោតធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មការជំនាញ និងផ្តល់សុពលភាពនៃអាណត្តិអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមថ្មីមួយរូប ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព

សមាជិការដ្ឋសភាក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី១១ ខែឧសភានេះ បានបោះឆ្នោតធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មការជំនាញ និងផ្តល់សុពលភាពនៃអាណត្តិអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមថ្មីមួយរូប ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។ ការបោះឆ្នោតដែលធ្វើឡើងក្នុងសាលប្រជុំនៃវិមានរដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចគាំទ្រឯកឧត្តម កែប ជុតិមា ធ្វើជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណែកឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ត្រូវបានផ្តល់សុពលភាពនៃអាណត្តិជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ បើតាមប្រភពទុកចិត្តបានពីរដ្ឋសភា បានឱ្យដឹងថា ឯកឧត្តម កែប ជុតិមា ទំនងនឹងឡើងកាន់តំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសតំណែងរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ សូមបញ្ជាក់ថា ក្រៅពីកិច្ចការផ្លាស់ប្តូរសមាសភាពនេះ អង្គរដ្ឋសភា ក៏បានបន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។

Post a Comment

1 Comments