ថ្ងៃចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០: នៅវេលាម៉ោងប្រហែលជា ២រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកចូលទៅក្នុងក្រសួងរៀបចំដែនដី ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ច រារាំងមិនឱ្យចូលនោះឡើយ។ កម្លាំងសមត្ថកិច្ច បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អង្គុយនៅត្រឹមបរិវេណនៃទីតាំងតវ៉ាតែប៉ុណ្ណោះ និយាយរួមគឺមិនឱ្យពួកគាត់ចរយាត្រា ឬ ដង្ហែក្បួននោះទេ។ លោក (ឈឹម សាផាន) ដែលជាតំណាងអោយបងប្អូនប្រជាពលរដ្ឋ៧៤៣គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន (កោះកុងស៊ូហ្គេ័រ) និង (កោះកុងផ្លេនថេសិនអិនដាស់ស្ទ្រី ខមផេនី) របស់លោក (លី យ៉ុងផាត់) បានអោយដឹងថា> ការទាមទារជួបលោក (ជា សុផារ៉ា) គឺដើម្បីចង់ដឹងថាតើក្រសួងពាក់ព័ន្ធមួយណានឹងជួយដោះស្រោយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំមកហើយ។ បើយោងទៅតាមប្រសាសន៍ លោក (ឈឹម សាផាន) សហគមន៍ចំនួន ៧៤៣គ្រួសារ បានដាក់ញ្ញាតិ្តទៅព្រទ្ធឹសភា រដ្ឋសភា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង ក្រសួងពាក់ព័ន្ធ ផ្សេងទៀតជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយណាមួយសម្រាប់ពួកគាត់នោះទេ។ លោក (ឈឹម សាផាន) បាននិយាយថា> ខ្ញុំមកថ្ងៃនេះ គឺដើម្បីទាមទារជួបលោក (ជា សុផារ៉ា) ក្នុងគោលបំណងតែមួយ គឺខ្ញុំចង់ដឹងថា តើឱ្យក្រសួងពាក់ព័ន្ធមួយណាដោះស្រាយបញ្ហាដីធ្លីនេះឱ្យពួកខ្ញុំ? នៅពេលណា? ថ្ងៃណា? ហើយតើអ្នកណាមួយជាអ្នកដោះស្រាយ? អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក (សេង ឡូត) បានបញ្ជាក់អោយដឹងយ៉ាងច្បាស់ថា> បញ្ហាតវ៉ារបស់ពួកគាត់នេះ ខាងក្រសួងគ្មានដំណោះស្រាយនោះទេ ទោះបីជាពួកគាត់នៅតែបន្តរងចាំជួបរដ្ឋមន្ត្រីក៏ដោយ។ លើសពីនោះទៅទៀតគឺ លោក (សេង ឡូត) បានអះអាងបន្ថែមទៀតថា> ការតវ៉ាទាមទាររបស់លោកតំណាងប្រជាពលរដ្ឋទាំងនោះ គឺជារឿងដែលមិនត្រឹមត្រូវទៅនោះឡើយ។ លោក សង្កត់ធ្ងន់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។ អ្នកនាំពាក្យរូបនោះ បានបន្ថែមទៀតថា> ក្រសួងនឹងចេញលិខិតដោះស្រាយបំភ្លឺជុំវិញករណីទាមទាររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកពីខេត្តទាំង៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ។ តែទោះជាយ៉ាងណា អ្នកស្រី(ដេត ហ៊ួ) ដែលជាតំណាងអោយសហគមន៍ទាំង ១៩៧គ្រួសារ បានអះអាងយ៉ាងច្បាស់ថា> បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន (ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប) ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ថាបើមិនបានជួបលោក (ជា សុផារ៉ា) ដើម្បីដោះស្រាយបញ្ហាដីធ្លីទេ បងប្អូនដែលនៅក្នុងសហគមន៍ទាំង ១៩៧គ្រួសារនេះ គឺមិនត្រឡប់ទៅវិញឡើយ។ ពួកគាត់និយាយថា> យើងនិងនៅទីនេះរង់ចាំរហូតដល់មានដំណោះស្រោយណាមួយសម្រាប់ពួកយើង ពីព្រោះពួកយើងទៅមកច្រើនលើកច្រើនសារមកហើយ តែមិនដែលមានសដំណោះស្រោយណាមួយនោះទេ»។ នេះជាប្រសាសន៍របស់អ្នកស្រី (ដេត ហ៊ួ)។ ប្រជាពលរដ្ឋប្រមាណជា ៤០០នាក់ ដែលជាតំណាងអោយបងប្អូនប្រជាពលរដ្ឋចំនួន ១,៩៩៦គ្រួសារ មកពីខេត្ត កោះកុង, កំពង់ស្ពឺ, ត្បូងឃ្មុំ, និង ខេត្តស្វាយរៀង ដែលបាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដី ដើម្បីទាមទារឱ្យមានដំណោះស្រាយមួយលើបញ្ហាដីធ្លីពួកគាត់ដែលបានអូសបន្លាយពេលអស់ជាង ១០ឆ្នាំហើយ។ សូមអរគុណ!

0 Comments