ថ្ងៃចេញផ្សាយ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០: ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយចំណាយពេលវេលាស្វែងរក និងបច្ចេកទេសផលិតអស់១៨ឆ្នាំមកនេះ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងបែបនេះ នៅលើហ្វេសប៊ុកខ្លួន។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងនេះ នឹងផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ។ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមសម្ដេច ហ៊ុន សែន អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ ២០២០នេះ ។ ក្រៅពីនេះ ក៏មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។ ប្រមុខរដ្ឋាភិបាល អះអាងដូច្នេះថា ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ចំពោះការផលិតបានប្រេងកាតនេះ វានឹងជួយដល់ចំណូលជាតិ ជាពិសេសសេដ្ឋកិច្ចកម្ពុជាមួយជំហានទៀតផង។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា នឹងបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។ នេះជាការលើករបស់ប្រមុខរដ្ឋាភិបាល។ បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗ ដែលបានសាងសង់ ដំឡើង និងរៀបចំជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖ ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។ចំណែកកប៉ាល់ផលិតកម្មប្រេងបានដំឡើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដំឡើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា២០២០។ គួរបញ្ជាក់ថា ដំបូងឡើយកម្ពុជា បានចុះកិច្ចព្រមព្រៀងប្រេងកាតដំបូងនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ ក្រោយដំណើរការរុករកជម្រកប្រេង អស់៨ឆ្នាំ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច នៅឆ្នាំ ២០១០ ដើម្បីឈានទៅអនុវត្តផែនការការងារនៅខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មនៅពេលនោះ បានតម្រូវឲ្យកម្ពុជា និងក្រុមហ៊ុន Chevron ត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងខ្លះឡើងវិញ ដើម្បីស្របបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរ។ ដោយសារការកែសម្រួលលក្ខខណ្ឌ និងរៀបចំច្បាប់ផែនការអភិវឌ្ឍនេះហើយ ទើបធ្វើឲ្យដំណើរការផលិតប្រេងនៅឆ្នាំ២០១២ រាំងស្ទះ ហើយមិនអាចអនុវត្តបាន។ សូមអរគុណ!

0 Comments