លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាប​ជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃ​ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថាករណីសង្ស័យ​ថា​មាន​ការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នៅទីតាំងខាង​លើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ រហូតដល់អាចឈានដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាន​នគរ​បាលជាតិ និងតំណាងអយ្យការអមសាលា​ដំបូងរាជធានី​ភ្នំពេញបាន​បង្ហាញប្រាប់អ្នកសាព័ត៌មាននៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំង​ខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត ២៧ នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL in One ៨៩ គ្រឿង, Monitor ១ គ្រឿង CPU ០១ គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤ គ្រឿង ខណៈសម្ភារៈទាំងនោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ច​ចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការអនុវត្តនីតិវិធីជា​បន្តបន្ទាប់។

ប្រភពដដែលបន្តថា ការចុះបង្ក្រាបនេះធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីឯក​ឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថ​កិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង ដោយមានការ​សម្រួលនីតិវិធី​ច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍ និងពិនិត្យនៅទីតាំង​ផ្ទាល់របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំង​ក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅប្រទេសផ្សេងៗ ក្រោមរូបភាពអូសទាញជនរង​គ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ និងការលួងលោមបែប​ស្នេហា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូន​សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្ត​តាម​នីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំ​ណត់​មុខ សញ្ញា​មេខ្លោងពាក់ព័ន្ធជាបន្តទៀត។

គួររំលឹកថា សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន និងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោក​អនឡាញ យ៉ាងសកម្ម និងជាប់ជាប្រចាំ ដោយបានបង្រ្កាបទីតាំង​សរុបចំនួន​៦៥ករណី/ទីតាំង គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ។ ក្នុងការបង្រ្កាបទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ សរុបចំនួន ៨៨៧ នាក់ (ស្ត្រី ២៣៣ នាក់)។ ក្នុងចំណោមជន​សង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ មានជនជាតិបរទេសពាក់ព័ន្ធ​នឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន ៥៥នាក់ មាន ១៦សញ្ជាតិផ្សេងគ្នា។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំ​រឿងពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួក ដើម្បីគាំទ្រដល់ដំណើរការក្នុង​នីតិវិធីតុលាការ ខណៈចំពោះករណីផ្សេងទៀត សមត្ថកិច្ចរាជធានីបាន​ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជំនាញពាក់ព័ន្ធដើម្បី​អនុវត្តនីតិវិធីបន្ត រួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេស​ដើមរបស់ខ្លួនវិញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបាន​បញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់​ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕ ដោយ៖ក្រុមការងារMoINFO APP រូបភាព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមអរគុណ!

Post a Comment

0 Comments