បើតាមឯ.ឧបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីសមាជិកព្រឹទ្ធសភា អាមេរិក បានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការ ទទួលមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ឯ.ឧបណ្ឌិត កៅ គឹមហួន បានឱ្យដឹងទៀតថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជា នាពេល បច្ចុប្បន្ន ក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ ក្នុងនោះសម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០ មានភាពរកាំរកូស រហូតដល់ការដុតស្ថានទូត កាត់ផ្តាច់ទំនាក់ទំនង ការទូតមួយរយៈពេលខ្លី ហើយក៏ឈានដល់ការកាត់ផ្តាច់ទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការស្វះស្វែង និងជួយជ្រោមជ្រែងរបស់សម្តេច ដើម្បីឱ្យស្ថានទូតអាមេរិកមានទីតាំង ស្ថានទូតមួយច្បាស់លាស់នៅក្បែរវត្តភ្នំពេញ។ ចំណុចនេះ ជាការបង្ហាញឱ្យឃើញនូវកិច្ចប្រឹងប្រែងមួយរបស់សម្តេច ក្នុងការធ្វើ ឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរ ពីភាពល្អប្រសើរនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក។ ក្នុងនៅឆ្នាំ២០២១ បើទោះបីពិភពលោកជួបវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើន ប្រមាណ ៣០ភាគរយ ហើយត្រីមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនរហូតដល់ប្រមាណ ៤០ភាគរយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីស្ថានភាពបរិយាកាសវិនិយោគ ដែលកាន់តែមានភាពល្អ ប្រសើរនៅកម្ពុជា។ ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគនៅកម្ពុជា។ ពាក់ព័ន្ធការវិនិយោគនេះ សម្តេចតេជោ បានស្នើដល់លោកស្រីសមាជិកព្រឹទ្ធសភាអាមេរិក ជួយជំរុញបន្ថែមនូវការវិនិយោគរបស់ អាមេរិក ទៅកាន់កម្ពុជា។ ជាមួយគ្នានេះ កម្ពុជា ក៏បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក ក្នុងការរុករកអដ្ឋិធាតុរបស់ទាហាន អាមេរិក ដែលបានស្លាប់ក្នុងសម័យសង្គ្រាម ដែលមកដល់ពេលនេះនៅសល់សពប្រមាណ ៤៩ករណីទៀតប៉ុណ្ណោះ។ ក្រៅពីលើកឡើងនូវការវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ ពីការបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ។ ការលើកឡើងនូវបញ្ហាខាងលើនេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ចង់លើកបង្ហាញនូវភាពល្អប្រសើរ នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរនូវបញ្ហាមួយចំនួន ដែលនាំឱ្យរំខានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ បើតាមសម្តេចតេជោ បញ្ហាដែលសម្តេចចាត់ទុកថា ជាការខ្វែងគំនិតគ្នារវាងកម្ពុជា និងអាមេរិកនោះ មានដូចជា កិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសពេលបានប្រព្រឹត្តទោស, ការដាក់លក្ខខណ្ឌសម្រាប់ទិដ្ឋាការរបស់មន្ត្រីការទូត ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានស្នើលោកស្រីសមាជិកព្រឹទ្ធសភាអាមេរិក ពិចារណាសម្របសម្រួលលើបញ្ហានេះ។ នៅក្នុងឱកាសនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតបញ្ជាក់ពីបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានទ័ពរាមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំពង់ផែរាម គឺជាការអភិវឌ្ឍន៍ ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា មិនមែន បម្រើឱ្យទ័ពបរទេសណាមួយនោះឡើយ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់មិនឱ្យមានទ័ពបរទេសលើទឹកដីខ្លួន ហើយកងទ័ពកម្ពុជា ក៏មិនចេញប្រតិបត្តិការនៅប្រទេសដទៃនោះដែរ លើកលែងតែប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
លោក កៅ គឹមហួន បានស្រង់ប្រសាសន៍សម្តេចមកបញ្ជាក់ដូច្នេះ «ប្រទេសយើងមិននៅក្រោមប្រទេសណាមួយទេ ប្រទេសយើង ឯករាជ្យ មានអធិបតេយ្យភាព។ ដូច្នេះយើងមិនត្រូវការកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ មិនថាកងទ័ពចិន ឬកងទ័ព ប្រទេសណាក៏ដោយ»។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នកំពង់ផែខេត្តព្រះសីហនុ បានស្វាគមន៍នាវាចិន អាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលចូលចតនៅផែរបស់កម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។
ជាការឆ្លើយតបលោកស្រីសមាជិកព្រឹទ្ធសភាអាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបើកបង្ហាញ នូវសមានចិត្តក្នុងការធ្វើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។ លោកស្រី ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួម បោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។
លោកស្រី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ដែល បានប្រឹងប្រែងក្នុងការដោះស្រាយ បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រី ក៏បានកត់សម្គាល់ដែរថា បច្ចុប្បន្នមានក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងវិនិយោគ និងដំណើរការអាជីវកម្មនៅកម្ពុជា។ លោកស្រី បានមើលឃើញថា កម្ពុជា និងអាមេរិក មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគកាន់តែប្រសើរថែមទៀត។ លោកស្រី ក៏បានសន្យាជួយជំរុញអ្នកវិនិយោគរបស់អាមេរិក មកកាន់កម្ពុជាថែមទៀត ផងដែរ។
0 Comments