មន្រ្ដីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តកោតសរសើរចំពោះសប្បុរសជន និងក្រុមបុគ្គលិក វិស័យឯកជន ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា

ភ្នំពេញ មន្រ្ដីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តកោតសរសើរចំពោះសប្បុរសជន និងក្រុមបុគ្គលិក វិស័យឯកជន ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា បន្ទាប់ពីការផ្ដល់ឈាម មានការថយចុះក្នុងបរិបទជំងឺកូវីដ១៩។ ក្នុងការបរិច្ចាគឈាមរបស់បុគ្គលិកធនាគារហត្ថា ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ” នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅធនាគារហត្ថា សាខាចំការមន ក្នុងរាជធានីភ្នំពេញ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសម្តែងនូវសេចក្តីសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារ ធនាគារហត្ថាបានរួមគ្នាស្ម័គ្រចិត្ត ដើម្បីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងថ្ងៃនេះ ហើយឈាមដែលបរិច្ចាគនេះ នឹងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ បានទាន់ពេលវេលា ពីព្រោះមជ្ឈមណ្ឌលនឹងផ្តល់ឈាមជូនអ្នកជំងឺភ្លាមៗប្រសិនបើគាត់ត្រូវការបន្ទាន់ និងចាំបាច់ ដោយមិនតម្រូវ ឱ្យរកមនុស្សមកបរិច្ចាគ ដើម្បីផ្លាស់ប្តូរឡើយ។

លោកស្រីបន្ដថា ការបរិច្ចាគឈាមរបស់បុគ្គលិកធនាគារហត្ថាក្នុងថ្ងៃនេះ បានសបញ្ជាក់យ៉ាងច្បាស់ អំពីការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ការស្រឡាញ់និងចូលរួម ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។

ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវឱ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនេះ ឱ្យបានផុលផុសឡើងវិញ ដើម្បីជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា។ សំឡេងដើម្បីលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងសម្រេចគោលបំណងមានឈាមសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីជួយ សង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ៗបានទាន់ពេលវេលានៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។

លោកឧកញ៉ា ហួត អៀងតុង អគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថាពិតជាមានសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ក្រោមប្រធានបទ “បរិច្ចាគឈាមសង្រ្គោះជីវិត ពិតជួយសង្គមជាតិ” ដែលរៀបចំដោយធនាគារ ហត្ថា និងមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ ឈាម ។

លោកបន្តថា កម្មវិធីខាងលើនេះគឺ ផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងកាត់បន្ថយអត្រាបាត់បង់ជីវិត របស់ប្រជាជនកម្ពុជាដោយសារកង្វះខាតឈាមនៅពេលមានតម្រូវការ ”។ លោកជឿជាក់ថា សកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូ ដ៏ល្អមួយក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត។

សូមបញ្ជាក់ថា ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២១ មានតែ១០ភាគរយ គឺមានការថយចុះខ្លាំង ដោយសារក្នុងបរិបទ ជំងឺកូវីដ១៩ ហើយការប្រើប្រាស់ឈាមនៅទូទាំងប្រទេសមានជាង១០ម៉ឺនផ្លោក។

Post a Comment

0 Comments