ថ្ងៃចេញផ្សាយ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើអនុក្រឹត្យសម្រេចដកឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិលោក គឹម ពន្លត ដែលជាអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។ ចំពោះករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ករណីលោក គឹម ពន្លត គឺជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកស័ក្ដិ និងបណ្ដេញចេញ។ ការលើកឡើងរបស់សម្ដេចក្រឡាហោមបែបនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាល ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងករណីនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តន៍តាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសបុគ្គលរូបនេះ ដាក់ពន្ធនាគារឱ្យខាងតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឱ្យប្រព្រឹត្តទង្វើបែបនេះ។ សូមអរគុណ!



0 Comments