ថ្ងៃចេញផ្សាយ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១: លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនារបស់បុគ្គលខិលខូចមួយចំនួន ដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីផលប៉ះពាល់ទៅក្នុងសង្គម ដែលធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួនឱ្យទៅមេខ្យល់ ហើយនៅតែចៀសមិនផុតពីការធ្វើចត្តាឡីស័កនោះទេ។ ការអំពាវនាវបែបនេះ ដោយសារ តែបច្ចុប្បន្ននេះក្រសួងសង្កេតឃើញថាមាន ពលករដែលបានធ្វើដំណើមក ពីប្រទេសថៃបានចាញ់បោកមេខ្យល់ ដែលបានសន្យាថាអាចគេចវេះពីការធ្វើចត្តាឡីស័ក បាន។
លោកជំទាវបញ្ជាក់ថា ការធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន ១៤ថ្ងៃ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងការអនុវត្តនូវសិទ្ធិមិនចម្លងនូវវីរុសកូវីដ-១៩ ទៅអ្នក ដទៃ ទៅក្រុមគ្រួសារខ្លួនក៏ដូចជាសហគមន៍ ខណៈការគេចវេះពីការធ្វើចត្តាឡីស័ក នឹងអាចក្លាយទៅជាឧក្រិដ្ឋជន។ អ្នកដែលគេចវេះអំពីវិធានការនៃការចត្តាឡីស័ក គឺនឹងមានទោសទណ្ឌដែលមិនអាចគេចផុតពីផ្លូវច្បាប់នោះទេហើយប្រសិនបើបុគ្គលនោះមានផ្ទុកនូវវីរុសកូវីដ-១៩ ហើយគាត់បានគេចវេះពីការធ្វើដំណើរមកផ្ទះសំបែងរបស់គាត់ សូមបុគ្គលនោះមានការ យល់ឱ្យច្បាស់ថា លោកអ្នកកំពុងតែប្រព្រឹត្តខុស លោកអ្នកកំពុងតែដើរបញ្ច្រាសទិស ដោយលោកអ្នកបាននាំយកនូវវីរុសកូវីដ-១៩ មកឱ្យក្រុមគ្រួសាររបស់ខ្លួន។ មិនត្រឹមតែឱ្យក្រុមគ្រួសាររបស់ខ្លួនឯងនោះទេ គឺលោកអ្នកនឹងមានការចម្លងវីរុសកូវីដ-១៩នេះទៅឱ្យអ្នកដទៃ នៅពេលដែលយើងធ្វើដំណើរមកថាតើយើងបានប៉ះពារជាមួយនរណាខ្លះ ហើយយើងនឹងជួបជាមួយបុគ្គលណាខ្លះនៅតាមផ្លូវ ជាពិសេសនូវការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ដែលមានបងប្អូនផ្សេងទៀតដែលនៅក្នុងរថយន្តជាមួយគ្នានោះ វានឹងអាចមានការចម្លងឱ្យគ្នាទៅវិញទៅមកពីបុគ្គលមួយ ឆ្លងទៅបុគ្គលមួយទៀត។
ប្រសិនបើបុគ្គលណាមួយមានផ្ទុកវីរុសប្រភេទដែលបំប្លែងខ្លួនថ្មីនេះទៀត អ៊ីចឹងលទ្ធភាពពីការចម្លងពីបុគ្គលដែលគេចវេះ នោះ ទៅដល់បុគ្គលមួយផ្សេងទៀត គឺលឿនមែនទែន ហើយនឹងបន្តពីបុគ្គលម្នាក់ទៀតឆ្លងទៅម្នាក់ទៀតក៏ កាន់តែមានសភាពលឿនផងដែរ។ បទបញ្ជា របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវអនុវត្តន៍វិធានការច្បាប់ឱ្យបានតឹងរុឹងបំផុត ចំពោះអ្នកព្យាយាមនាំប្រជាជនឆ្លងកាត់ព្រំដែនខុសច្បាប់គេចវេះពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី ២០ម៉ឺនទៅដល់១លានរៀល។ ដោយឡែកចំពោះមន្ត្រីណាដែលឃុបឃិតដោះលែងមេក្លោងទាំងនោះវិញ គឺអាចឈានដល់ការដកសក្តិឬបណ្តេញចេញពីក្របខណ្ឌរដ្ឋតែម្តង។ សូមអរគុណ!

0 Comments