ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងបណ្តាមន្ទីរព័ត៌មានខេត្តត្រូវត្រួតពិនិត្យច្បាប់ទម្លាប់ចំពោះអង្គភាពសារព័ត៌មានឯកជនដែលបាន...


ថ្ងៃចេញផ្សាយ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១:
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងបណ្តាមន្ទីរព័ត៌មានខេត្តត្រូវត្រួតពិនិត្យច្បាប់ទម្លាប់ចំពោះអង្គភាពសារព័ត៌មានឯកជនដែលបានបើកវគ្គបណ្តុះបណ្តាល ការយកព័ត៌មានតាមប្រព័ន្ធទូរសព្ទដៃស្មាតហ្វូន តើមានការស្នើសុំការអនុញ្ញាតដែរឬទេ ហើយគោលបំណងសំខាន់អ្វីដែរក្នុងកិច្ចការងារនោះ?។

នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការឱ្យពិនិត្យលើបញ្ហានេះ គឺដើម្បីបង្ការនិងរួមគ្នាទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ បើសិនជាបណ្តោយឱ្យមានក្រុមដែលមានបំណងអាក្រក់ បំពុលសង្គម គឺគេនឹងបង្ហោះផ្សព្វផ្សាយនូវព័ត៌មាន ដែលមិនពិតជាច្រើននៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម នាំឱ្យមានការយល់ច្រឡំ ហើយពិបាកក្នុងការគ្រប់គ្រង ចាំតែឆ្លើយតបនូវរាល់ព័ត៌មាន មិនពិតទាំងនោះ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានរំលឹកពាក្យមួយថា រូបថត ១ សន្លឹកស្មើនឹងសម្តី ១ ពាន់ពាក្យ ដូច្នេះយើងត្រូវរួមគ្នាពីគ្រប់ផ្នែក និងជំនាញទាំងអស់ មិនថាតែ ក្រសួងព័ត៌មាននោះទេ គឺ ត្រូវក្តាប់ឱ្យបានពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ដែលកើតមានឡើងនាពេលបច្ចុប្បន្ននេះ ទាំងព័ត៌មានពិត និងព័ត៌មានមិនពិត ដើម្បីធ្វើយ៉ាងណាបន្សាបព័ត៌មានក្លែងក្លាយ។ជាមួយគ្នានេះ ឯកឧត្តមបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ ត្រូវបន្តអនុវត្តន៍ឱ្យបាននូវរាល់ផែនការនិង សកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន ដោយឈរលើភាពទទួលខុសត្រូវខ្ពស់ ហើយក៏ត្រូវធ្វើកិច្ចសហការល្អ ជាមួយ គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារបាន ឆាប់ទៅមុខទៀត។ សូមអរគុណ!

Post a Comment

0 Comments