ថ្ងៃចេញផ្សាយ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១: មរណភាពលោក ជាង សុខា គឺជាការបាត់បង់ធនធានមនុស្សនៃវិស័យសារព័ត៌មានឆ្នើមម្នាក់។ លោក ម៉ៃ ទិត្យថារ៉ា អ្នកសារព័ត៌មានល្បីនៅកម្ពុជា ដែលជាមិត្តជិតស្និទរួមការងារ និងអាជីពជាមួយលោក ជាង សុខា បានបង្ហាញអារម្មណ៍ក្តុកក្ដួល និងសោកស្ដាយចំពោះដំណឹងក្រៀមក្រំមួយនេះ។ សម្រាប់លោក ម៉ៃ ទិត្យថារ៉ា លោក សុខា គឺជាធនធានមនុស្សសំខាន់ម្នាក់ ក្នុងវិស័យព័ត៌មាននេះ។ចំពោះការបាត់បង់រូបគាត់(ជាង សុខា) នេះ គឺជាការបាត់បង់ធនធានក្នុងវិស័យសារព័ត៌មានមួយដ៏ធំ ក្នុងប្រទេសកម្ពុជាយើង ព្រោះតែលោក សុខា មិនមែនជាអ្នកសារព័ត៌មានដែលបានតែកាតហើយដើរបង្ហាញគេទេ គាត់គឺជាអ្នកសារព័ត៌មានអាជីពម្នាក់។ នេះជាការលើកឡើងរបស់លោក ថារ៉ា ។ លោក ប្រាក់ ចន្ធុល អ្នកសារព័ត៌មាននៃទីភ្នាក់ងារ Reuters បានរៀបរាប់ពីអត្តចរិតលោក ជាង សុខា ថា លោក សុខា ជាមនុស្សម្នាក់ ដែលមិនសូវចេះប្រកាន់ច្រើន និងចូលចិត្តរាប់អានមនុស្សនៅជុំវិញខ្លួន។ ជាពិសេសលោក សុខា តែងតែផ្ដល់តម្លៃឱ្យមនុស្សគ្រប់រូប និងចែករំលែក។ បើតាមលោក ចន្ធុល មិត្តរួមអាជីព តែងតែគោរពស្រលាញ់ ចំពោះលោក សុខា ។ លោក ចន្ធុល ដែលជាមិត្តជិតស្និទលោក សុខា បានរៀបរាប់ដូច្នេះថា> យើងបានបាត់បង់មិត្តភក្តិម្នាក់ជាទីស្រលាញ់របស់យើង លោក ជាង សុខា វាជាដំណឹងឆាប់ពេកមួយ ព្រោះគាត់ជាអ្នកកាសែតម្នាក់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងស្រុកខ្មែរ ដែលទទួលបានការគោរពកោតសរសេរពីអ្នកដទៃ។ មិនតែមិត្តរួមអាជីពទេ សូម្បីតែរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏សោកស្ដាយចំពោះការបាត់បង់លោក ជាង សុខា ដែរ។ នៅព្រឹកថ្ងៃទី ២២ មករា ២០២១ នេះ យើងបានបាត់បង់សហភាតរៈដ៏ឆ្នើមម្នាក់ទៀតរបស់យើងហើយ គឺ លោក ជាង សុខា! សូមព្រលឹងលោកបានទៅកាន់សុគតិភព និង សូមកុំបារម្ភពីអនាគតកូនទាំង ៣ ឱ្យសោះ។ នេះជាសំណេររបស់លោករដ្ឋមន្ត្រីព័ត៌មាន។ ការបាត់បង់លោក សុខា គឺជារឿងមួយហើយ ប៉ុន្តែអ្វីដែលលោក ចន្ធុល កាន់តែខ្លោចចិត្តទៀតនោះ គឺលោក សុខា បានចាកចេញចោលប្រពន្ធ និងកូនប្រុសស្រីចំនួន៣នាក់ ដែលកំពុងនៅក្មេងៗ។ពួកយើងក៏មានការសោកស្ដាយដែរ ពេលដែលបាត់បង់គាត់ទៅហ្នឹង អាណិតក្រុមគ្រួសារគាត់ ដែលភរិយាគាត់ជាគ្រូបង្រៀន អាចជួបបញ្ហាខ្វះខាត ក្នុងការផ្គត់ផ្គង់កូនសម្រាប់ការសិក្សា ក្នុងការឱ្យមានជីវភាពនឹងនល្អចាប់ពីពេលនេះតទៅ។ នេះជាការលើកឡើងរបស់លោក ចន្ធុល មិត្តជិតស្និទ្ធនៃអាជីពកាសែតជាមួយលោក សុខា។ ចំពោះការសិក្សារបស់កូនៗលោក ជាង សុខា នេះ គឺត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ និងសាលាបងៀន Westline ជាអ្នករ៉ាប់រង។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើហ្វេសប៊ុកដូច្នេះថា> សូមអរគុណ ឧកញ៉ា Pech Bolen (ប៉ិច បូឡែន) នាយកសាលា Westline ដែលបានបញ្វុះថ្លៃសិក្សារបស់កូន លោក ជាងសុខា ទាំង ៣ នាក់ចំនួន ៥០ភាគរយ រហូតចប់ថ្នាក់សិក្សា ។ (នៅសល់) ៥០ភាគរយទៀត ខ្ញុំទទួលរ៉ាប់រងរហូតក្មួយៗបានបញ្ចប់ការសិក្សា។ លោក ជាង សុខា បានចូលបម្រើការងារក្នុងវិស័យសារព័ត៌មាន តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ដោយផ្ដើមចេញពីការងារ Freelancer ជាមួយស្ថាប័នជាតិ និងអន្តរជាតិធំៗ ។ ក្នុងអាជីពការងារជាង២០ឆ្នាំនេះ លោក សុខា បានទទួលភារកិច្ចធំៗនៅក្នុងស្ថាប័នព័ត៌មាននៅកម្ពុជា ក្នុងនោះលោកធ្លាប់ជាអតីតប្រធានផ្នែកគ្រប់គ្រប់បុគ្គលនៃកាសែតភ្នំពេញប៉ុស្តិ៍ និងជាអតីតនិពន្ធនាយកនៃកាសែតខ្មែរថាមយ៍ រួមទាំងមានតំណែងជាទីប្រឹក្សាក្រសួងព័ត៌មាន និងតួនាទីសំខាន់ក្នុងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាទៀតផង។ សូមអរគុណ!

0 Comments