ថ្ងៃចេញផ្សាយ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១: ខេត្តកែប នឹងក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូបែប នឹងខ្លាយជាកន្លែងសម្រាកកម្សាន្តបែបប្រណិត ដែលមានប៉ូលទេសចរណ៍ធំៗចំនួន៤ គម្រោងអភិវឌ្ឍន៍ចំនួន២៥១ ព្រមទាំងយុទ្ធសាស្ត្រគោលដៅចំនួន ៩ផ្សេងៗទៀត។ នេះបើយោងទៅតាមសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបរបស់ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែមករា បញ្ជាក់ថា វិស័យទេសចរណ៍ខេត្តកែប នឹងប្រែក្លាយខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិ ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក ជាពិសេសគឺធានានូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។ ផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តកែបនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលអាចជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែបឡើងវិញ នៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ព្រមទាំងក្រោយដំណាក់កាលកូវីដ-១៩។ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបរួមមាន អភិវឌ្ឍប៉ូលទេសចរណ៍ខេត្តកែប វិនិយោគ និងអភិវឌ្ឍរបៀងទេសចរណ៍ ពង្រឹងគុណភាព និងសុវត្ថិភាពទេសចរណ៍ អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កែប, គ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ពង្រឹងច្រវាក់ផលិតកម្ម ក្នុងវិស័យទេសចរណ៍ខេត្តកែបនិងពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប។ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់ថា ផែនការមេអភិវឌ្ឍន៍ខេត្តកែបនេះ ត្រូវបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន៤ រួមមានទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។ លោកបន្ថែមថា ក្រៅពីប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗបួន នៅក្នុងផែនការមេនេះ ក៏មានគោលដៅមួយចំនួនក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តកែប រួមមាន ការកែប្រែតំបន់ស្រែអំបិល ទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល, គម្រោងកែលម្អបន្ថែមលើឆ្នេរកែបដែលមានស្រាប់ ការពង្រីកផលិតផលកីឡាទេសចរណ៍កម្រិតអន្តរជាតិ, សារៈមន្ទីរសង្គ្រាមទេសចរណ៍, ការរៀបចំឲ្យមានដំណើរការទេសចរណ៍តាមប្រជុំកោះ បង្កើតផ្សារទំនើបខ្នាតតូច(Mart) ផ្សាររាត្រី វិថីម្ហូបអាហារ(Street Food) ការតភ្ជាប់ទេសចរណ៍ផ្លូវទឹក ពីកំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត មកកាន់ខេត្តកែប និងព្រឹត្តិការណ៍ទេសចរណ៍នានាផងដែរ។ គួរបញ្ជាក់ផងដែរថា ផែនការមេសម្រាប់អភិវឌ្ឍទេសចរណ៍ខេត្តកែបនេះ នឹងបន្តបើកកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្ដីព្រាងថែនការនេះម្ដងទៀត នៅខែមីនា ឆ្នាំ២០២១ ខាងមុខ មុននឹងដាក់ឆ្លងកាត់គណៈគម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍។ សូមអរគុណ!

0 Comments