ថ្ងៃចេញផ្សាយ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញមានអ្នកប្រើប្រាស់មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ដោយអះអាងថា គណនីធនាគាររបស់លោកអ្នក ត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា នៅពេលដែលអ្នកប្រើប្រាស់ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយដែលជនខិលខូចបង្កើតឡើង ដើម្បីបោកបញ្ឆោតយកព័ត៌មានដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារក្នុងគោលបំណងលួចយកប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ។ ជាមួយគ្នានោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិច ដែលជនខិលខូចប្រើ ដើម្បីលួចយកព័ត៌មានរបស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតនោះគឺលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម។ សូមអរគុណ!

0 Comments