ពលករ​ខ្មែរ​ ១០៨​នាក់ ដែរកំពុង​រស់នៅ​ប្រទេស​ថៃបានឆ្លង​ជំងឺ​កូ​វីដ​-១៩ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៧ មករា នេះ​បើយោងទៅតាម​របាយការណ៍​ក្រសួងសុខាភិបាល​ថៃ​

ថ្ងៃចេញផ្សាយ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១: របាយការណ៍​ក្រសួងសុខាភិបាលថៃ បានបង្ហាញ​តួលេខ​ថា ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​៩​ពាន់​នាក់ មាន​ពលករ​ខ្មែរ​១០៨​នាក់ ។ ក្រៅពីនោះ ក៏មាន​ពលករ​ព្រុយ​ណេ ៦២៣​នាក់ ឥណ្ឌា​៨២​នាក់ ថៃ​ជាង​៥​ពាន់ និង​សញ្ជាតិ​ផ្សេងទៀត​ជាង​១​ពាន់​នាក់​។ របាយការណ៍​ក្រសួងសុខាភិបាលថៃ​ ក៏​មិនបាន​បញ្ជាក់ថា ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​តំបន់​ណា​ដែរ​។ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជុំវិញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នេះ បាន​នៅឡើយ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ក្រសួង​មិនមាន​ព័ត៌មាន​ទាក់ទង​នឹង​ករណី​ពលករ​ខ្មែរ​ឆ្លង​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​នេះដែរ​។​ ​តែ​យ៉ាងណា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ក៏បាន​អំពាវនាវ​ឲ្យនិស្សិត និង​ពលករ​ខ្មែរ ដែល​កំពុងសិក្សា និងធ្វើការ​នៅ​​ទីនោះ មានការ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​នេះ​។ ជាពិសេស​សហការ និង​អនុវត្តតាម​បម្រាម​របស់​អាជ្ញាធរ​ថៃ​ឲ្យ​បាន​ត្រឹមត្រូវ​។ រដ្ឋាភិបាល​ថៃ បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ចាប់ពី​ថ្ងៃទី​១៦ មករា ដល់​២៨ កុម្ភៈ ខាងមុខ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​។ ជុំវិញ​ករណី​ផ្ទុះ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ​នេះ នាំ​ឲ្យ​ពលករ​ខ្មែរ​នៅ​ទីនោះ សម្រុក​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។ បើតាម​របាយការណ៍​លោក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពលករ​ខ្មែរ​៤,៤១៥​នាក់​ហើយ បាន​ត្រឡប់មក​កម្ពុជា​វិញ គិត​ត្រឹម​ថ្ងៃទី​៦ មករា​។ ក្រៅពី​ពលករ​ខ្មែរ​សម្រុក​មកវិញ ក៏មាន​ពលរដ្ឋ​ខ្មែរ​ជិត​២៤០​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ដែរ​។ នេះ​បើតាម​របាយការណ៍​ពី​លោក កែវ វណ្ណ​ថន ដដែល​។​ គិត​ត្រឹម​ថ្ងៃទី​៧ មករា ក្រសួងសុខាភិបាល ក៏បាន​រកឃើញ​ពលករ​ខ្មែរ​២០​នាក់​ហើយ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ មាន​ជំងឺ​កូ​វីដ​-១៩ ។ ពួកគេ​ទាំងនោះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នានា ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៨៥​នាក់ ដោយ​ក្នុងនោះ មាន​៣៦២​នាក់​បានជា​សះស្បើយ ខណៈ​ថៃ មាន​អ្នក​ឆ្លង​ជាង​៩​ពាន់​នាក់ ជាសះស្បើយ​ជាង​៤​ពាន់​នាក់ និង​ស្លាប់​៦៦​នាក់។ សូមអរគុណ!

Post a Comment

0 Comments