រដ្ឋាភិបាល​ជប៉ុន គឺ​កំពុង​ពិចារណា​និង​លុបចោល​​ការលក់​យានយន្ត​ប្រើប្រាស់​សាំង​នៅ​ពាក់កណ្តាល​ឆ្នាំ២០៣០ និង​ជំនួស​មកវិញ​ដោយ​យានយន្ត hybrid ឬ​អគ្គិសនី​។

ថ្ងៃចេញផ្សាយ ថ្ងៃទី7 ខែធ្នូ ឆ្នាំ២០២០: បើយោងទៅតាមប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ NHK បាន​រាយការណ៍​ថា រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​លុបចោល​ការលក់​យានយន្ត​ប្រើប្រាស់​សាំង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០៣០ និង​ជំនួស​មកវិញ​ដោយ​យានយន្ត hybrid ឬ​អគ្គិសនី​។ ការពិចារណា​នេះ ស្របតាម​គោលដៅ​របស់​ជប៉ុន​ក្នុងការ​សម្រេច​ឲ្យ​បាន​គោលដៅ​កាបូន​សូន្យ​នៅ​ឆ្នាំ​២០៥០​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បានប្រកាស​ក្នុង​ខែតុលា​ពី​គោលដៅ​របស់​ជ​ប៉យ​ន​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ដល់​សូន្យ​ត្រឹម​ឆ្នាំ ២០៥០​។ ជប៉ុន ក្លាយជា​ប្រទេស​ទី​ពីរ​ក្នុងចំណោម​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ G7 ដែល​បានកំណត់​ពេលវេលា​សម្រាប់​ការបញ្ឈប់​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​សាំង បន្ទាប់ពី​ចក្រភព​អង់គ្លេស​។​ ​លោក Katsunobu Kato អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៣ ខែធ្នូ នេះ​ថា ក្រសួង​ឧស្សាហកម្ម​របស់​ជប៉ុន​នឹង​រៀបចំ​ផែនការ​មួយ​នៅ​ចុង​ឆ្នាំនេះ​។​ ​បើតាម NHK ក្រសួង​ឧស្សាហកម្ម​ជប៉ុន កំពុង​ពិចារណា​តម្រូវ​ឲ្យ​រថយន្ត​ថ្មី​ទាំងអស់​ជា​រថយន្ត​អគ្គិសនី​រួមទាំង​រថយន្ត​ប្រភេទ hybrid ផងដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បន្ថែមថា ក្រសួង​ដដែល​នេះ នឹង​បញ្ចប់​ឯកសារ​គោលដៅ​ជា​ផ្លូវការ បន្ទាប់ពី​ការជជែក​ដេញដោល​គ្នា​រវាង​ក្រុម​អ្នកជំនាញ​នៅត្រឹម​ដំណាច់​ឆ្នាំនេះ​។ ​គួរ​បញ្ជាក់ថា ជប៉ុន ចិន និង កូរ៉េខាងត្បូង​នាពេល​ថ្មីៗ​នេះ​បានប្រកាស​ពី​គោលដៅ​យ៉ាង​ម៉ឺងម៉ាត់​របស់ខ្លួន ដើម្បី​បញ្ចប់​ការ​បំ​ភាយ​កាបូន​។ ការប្ដេជ្ញាចិត្ត​នេះ ក្លាយជា​កម្លាំងចលករ​ដល់​ក្រុមហ៊ុន និង​ធនាគារ ដើម្បី​ជំរុញ​ការកាត់បន្ថយ​នានា សំដៅ​រក្សា​កម្រិត​កំដៅ​ពិភពលោក​។ គោលនយោបាយ និង​ការវិនិយោគ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ នឹង​តួនាទី​សំខាន់​ណាស់​ក្នុងការ​កំណត់​ផ្លូវ​ឆ្ពោះទៅរក​ភាព​គ្មាន​កាបូន ដែលជា​គោលដៅ​ដ៏​មាន​មហិច្ឆតា​មួយ​។ សូមអរគុណ!

Post a Comment

0 Comments