ពីមុនគេធ្លាប់តែ​គិតថា មានតែ​លោក ហ៊ុន ម៉ា​ណែ​ត ទេដែល​នឹង​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​ពីស​ម្តេច ហ៊ុន សែន​។ តែ​ឥឡូវលេចចេញ​មនុស្ស​ម្នាក់ទៀត ដែល​អាច​នឹង​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែរគឺ...

ថ្ងៃចេញផ្សាយ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០: ពីមុនគេធ្លាប់តែ​គិតថា មានតែ​លោក ហ៊ុន ម៉ា​ណែ​ត ទេដែល​នឹង​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​ពីស​ម្តេច ហ៊ុន សែន​។ តែ​ឥឡូវ លេចចេញ​មនុស្ស​ម្នាក់ទៀត ដែល​អាច​នឹង​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែរ គឺ​លោក អូន ព័ន្ធមុនីរ័ត្ន​។ មាន​ចម្ងល់​ថា ហេតុអ្វី មិនមែនជា​សម្តេច ស ខេង ឬ​សម្តេច ទៀ បាញ់? ចម្លើយ​របស់​សម្តេច ហ៊ុន សែន គឺ​ពួកគាត់​ទាំង​២​រូប មាន​វ័យ​ច្រើន​ហើយ​។ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​ឥស្សរជន​ផ្សេងទៀត ទំនងជា​មិនត្រូវ​បានផ្តល់​អាទិភាព​ឲ្យ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ក្រោយពី​ការចាកចេញ​របស់​សម្តេច ហ៊ុន សែន ក្នុង​រយៈពេល​បួន​-​ដប់ឆ្នាំ​ខាងមុខ​។​ ​ហេតុផល​ចម្បង​មួយ គឺ​ដោយសារ​ពួកគាត់ នឹងមាន​វ័យ​កាន់តែ​ជ្រេ ទម្រាំ​តែ​ដល់ពេល​សម្តេច ហ៊ុន សែន ឈប់​ធ្វើជា​នាយករដ្ឋមន្ត្រី ដោយ​អ្នកខ្លះ នឹង​ចូល​វ័យ​ជិត​៨០​ឆ្នាំ ស្របាក់ស្របាល​នឹង​សម្តេច ហ៊ុន សែន ដែរ ឬ​អ្នកខ្លះ នឹងមាន​វ័យ​លើសពី​សម្តេច ហ៊ុន សែន ទៅទៀត​។ តាមរយៈ​ការ​ថ្លែង​សារ​ចេញពី​ភូមិគ្រឹះ​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ទៅកាន់​ជនរួមជាតិ ជុំវិញ​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងទៀត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​បង្ហើប​ពី​ហេតុផល​នេះ​។ ទទ្ទឹម​នឹង​នេះ សម្តេច ហ៊ុន សែន បាន​ប្រកាស​ម្តងទៀត​ដែរ​ថា នឹង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី រហូតដល់​ឆ្នាំ​២០២៨​។ ដល់​ឆ្នាំ​២០២៨ សម្តេច ហ៊ុន សែន នឹង​ឈានចូល​វ័យ​៧៧​ឆ្នាំ សម្តេច ស ខេង នឹង​ឈានចូល​វ័យ​៧៨​ឆ្នាំ ហើយ​សម្តេច ទៀ បាញ់ នឹង​ឈានចូល​វ័យ​៨៤​ឆ្នាំ​។ បច្ចុប្បន្ន សម្តេច ហ៊ុន សែន មាន​វ័យ​៦៩​ឆ្នាំ សម្តេច ស ខេង មាន​វ័យ​៧០​ឆ្នាំ ហើយ​សម្តេច ទៀ បាញ់ មាន​វ័យ​៧៦​ឆ្នាំ​។ កន្លងមក គេ មើលឃើញថា លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​កំពុងកាន់​តំណែង​ជា​អគ្គ​មេញ្ជា​ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក និង ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឪពុក​។ ប៉ុន្តែ ថ្មីៗ​នេះ ស្រាប់តែ​សម្តេច ហ៊ុន សែន បាន​រំលេច​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​ម្នាក់ទៀត ក្រៅពី​លោក ហ៊ុន ម៉ា​ណែ​ត គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​។ ​ក្រោយពី​រំលេច​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​អាច​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ក៏បាន​ឃើញ​-​បានឮ​គេ​ចោទ​សួរថា ចុះ​សម្តេច ស ខេង សម្តេច ទៀ បាញ់ និង អ្នក​ដទៃទៀត ទៅណា​? ដើម្បី​ជម្រះ​មន្ទិល​របស់​មជ្ឈដ្ឋាន​ទាំងនោះ សម្តេច ហ៊ុន សែន ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ប្រមាណ​៣៦​ឆ្នាំ​ហើយ​នោះ បានផ្តល់​ចម្លើយ​ដូច្នេះ​ថា​​ចុះបើ​ពេល​នុង ហ៊ុន សែន អាយុ​៧៨​ឆ្នាំ​ហើយ ស ខេង មិន​៨០ ទៀ បាញ់ មិន​ជិត​៩០ អ៊ីចឹង ឲ្យ​នៅ​ធ្វើ​ងាប់​អី​ទៀត វា មិន​ទៅ​ទាំងអស់គ្នា​តែម្តង ម៉ា​ហ្វូង ទៅ​ទាំងអស់​។ ឧបនាយករដ្ឋមន្ត្រី នៅ​ក្មេង​ជាងគេ តែ​អូន ព័ន្ធមុនីរ័ត្ន​​។  ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បច្ចុប្បន្ន​មាន​វ័យ​៥៥​ឆ្នាំ នឹង​ឈានចូល​វ័យ​៦៣​ឆ្នាំ នៅ​ឆ្នាំ​២០២៨​។ តាមរយៈ​សារ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ សម្តេច ហ៊ុន សែន បានប្រកាស​ច្បាស់​ជាង​ពេលមុនៗ​ថា លោក អូន ព័ន្ធមុនីរ័ត្ន គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​១​រូប ក្នុងចំណោម​បេក្ខជន​ដទៃទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បាន​កោតសរសើរ​ពី​សមត្ថភាព​របស់លោក អូន ព័ន្ធមុនីរ័ត្ន​។ ក្នុងចំណោម​សមត្ថភាព​នានា​របស់លោក អូន ព័ន្ធមុនីរ័ត្ន សម្តេច ហ៊ុន សែន បានលើកឡើង​ពី​សមត្ថភាព​១​របស់លោក ដែល​សម្តេច បាន​ប្រា​ប់លោក​ឲ្យ​ធ្វើ កាលពី​យប់មិញ (​យប់​ថ្ងៃ​២៨​ធ្នូ​)​។ កិច្ចការ​នោះ គឺ​សម្តេច ហ៊ុន សែន ត្រូវការ​ឯកសារ​១​ពី​លោក អូន ព័ន្ធមុនីរ័ត្ន ហើយ​លោក ក៏​វាយ​ឯកសារ​និង​បញ្ជូន​ឯកសារ​នោះ​ជូន​សម្តេច​ភ្លាមៗ​តែម្តង​។ សម្តេច មានប្រសាសន៍​ដូច្នេះ​ថា​ ឯកសារ​ចេញពី​មុនី​រ័ត្ន ចង់​លឿន​ជាង​កុំព្យូទ័រ ដែល​អ្នកឯង​ប្រើ​ផង សម្រាប់ ហ៊ុន សែន នោះ ប្រាប់​ឲ្យ​ហើយ​ទៅ​។ សម្តេច ហ៊ុន សែន ធ្លាប់​ទម្លាយ​ថា សម្តេច បាន​បណ្តុះបណ្តាល​លោក អូន ព័ន្ធមុនីរ័ត្ន ដំបូង​ចាប់តាំងពី​ធ្វើ​ជំនួយការ​និង​លេខា​ផ្ទាល់​របស់​សម្តេច​មក រហូតដល់​ក្លាយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី កាន់​ក្រសួង​សេដ្ឋកិច្ច​។ លោក អូន ព័ន្ធមុនីរ័ត្ន រៀន​ចប់​ថ្នាក់បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សង្គម​និង​នយោបាយ នៃ​សាកលវិទ្យាល័យ​រដ្ឋ​ម៉ូស្គូ ប្រទេស​រុស្សី​។ លោក បានទទួល​គោរមងារ​ជា​អគ្គ​បណ្ឌិត្យ​សភាចា​រ្យ កាលពី​ឆ្នាំ​២០១៨​។ សូមអរគុណ!

Post a Comment

0 Comments