ថ្ងៃចេញផ្សាយ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០: ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ការធ្វើតេស្តលើកទី២ លើថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដើម្បីរកជំងឺកូវីដ- ១៩ កាលពីម្សិលមិញបង្ហាញថា អវិជ្ជមានទាំងអស់។ ថ្លែងបញ្ជាក់ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូ អ្នកនាំពាក្យរដ្ឋសភារូបនេះ បានបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភា, លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, អ្នកតំណាងរាស្ត្រ ក្នុងនោះមានទាំងឧបនាយករដ្ឋមន្រ្តីចំនួន២រូបផងដែរ គឺសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងមន្រ្តីរដ្ឋសភា និងក្រុមគ្រួសារ ទាំងអ្នកពាក់ព័ន្ធផ្សេងទៀតដូចជាអង្គរក្ស គឺលទ្ធផលអវិជ្ជមានទាំងអស់។ សូមបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ ឯកឧត្តម ឡូយ សុផាត បានប្រាស្រ័យទាក់ទងជាមួយឯកឧត្តម ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។ របាយការណរបស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ចំនួនវត្ថុសំណាកទទួលបានពីតាមបណ្តាខេត្ត និងរាជធានី សម្រាប់ការធ្វើតេស្តលើកទី២ ចំពោះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»មានសរុបចំនួន៣,៤៦៧សំណាក ក្នុងនោះចំនួន៤នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ថ្មី។ដោយឡែកនៅសល់វត្ថុសំណាកចំនួន៤,៩៩៤សំណាកផ្សេងទៀត ត្រូវវិភាគបន្តនៅថ្ងៃទី៩ ខែធ្នូនេះ។ចំនួនអ្នកមានជំងឺកូវីដ-១៩នៅកម្ពុជា បានកើនឡើងសរុប៣៥៤នាក់ ប៉ុន្តែក្នុងនោះបានព្យាបាលជាសះស្បើយឡើងវិញចំនួន៣០៧នាក់និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៤៧នាក់។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារទាំងឡាយដូចជា ត្រូវពាក់ម៉ាស់ជានិច្ច គួរជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃជាប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់ បើទោះបីជារាជរដ្ឋាភិបាលប្រកាសត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ឱ្យពលរដ្ឋដោយឥតគិតថ្លៃ។ សូមអរគុណ!

0 Comments