ថ្ងៃចេញផ្សាយ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០: ក្រោយពីប្រមូលផលស្រូវរួច ប្រជាកសិករខេត្តព្រៃវែង បានបង្កើនការដាំដុះដំណាំរួមផ្សំផ្សេងៗជាច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង បានប្រាប់វិទ្យុជាកម្ពុជាឱ្យដឹងថា ក្រោយពីប្រមូលផលស្រូវរដូវវស្សារូចរាល់ ប្រជាកសិករខេត្តព្រៃវែង បានងាកមកដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ ក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផងដែរ។ លោកបន្តថា ប្រជាកសិករនៅក្នុងខេត្ត បានចាប់ផ្តើមដាំបន្លែតាំងពីខែតុលាមកម៉្លេះ ដោយមកទល់បច្ចុប្បន្ននេះ សម្រេចបាន ជាង៨ពាន់ហិកតា ហើយបន្លែទាំងនោះរួមមាន ៖ ស្ពៃ ត្រសក់ ត្រប់ សណ្តែកកួរ សណ្តែកដី និងបន្លែស្លឹកមួយចំនួនទៀត ដែលប្រជាកសិករងាយស្រួលដាំនិងទទួលបានទិន្នផលខ្ពស់ ។ លោកបានបញ្ជាក់ថា កសិករនៅក្នុងតំបន់នោះ អាចលក់ បន្លែបានក្នុងតម្លៃពី ១០០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម។
«ក្រៅពីដំណាំស្រូវក្នុងខេត្តព្រៃវែងគឺប្រជាពលរដ្ឋដាំបន្កែរួមផ្សំជាច្រើនបន្ថែមទៀតដោយដាំចាប់ពីខែ១០ខែ១១ មកគឺមានការជំរុញការដាំបន្លែរួមផ្សំបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងនិងការនាំចេញផង។ គិតមកដល់ថ្ងៃនេះប្រជាកសិករ អនុវត្តបានប្រហែលជា ៨ទៅ៩ ពាន់ហិកតាដែរហើយ។តាមរដូវកាលខែនេះយើងមានការដាំស្ពៃ ដាំត្រប់ សណ្ដែកកួរ និយាយរួមៗដាំបន្លែទាំងឡាយណាដែលប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលផលនិងមានទីផ្សារល្អ»។
លោកបន្ថែមថា ការដាំដុះបន្លែនេះ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ដែលបានជំរុញឱ្យមន្ទីរពាក់ព័ន្ធ ចងក្រងជាបណ្តុំអាជីវកម្មផលិតកម្ម ដែលមានកសិករស្ម័គ្រចិត្តពី ១៥ទៅ ២០គ្រួសារ និងមានឈ្មួញចាំទទួលទិញបន្លែ ដែលប្រជាពលរដ្ឋដាំបាន ធ្វើយ៉ាងណាផ្តល់នៅភាពងាយស្រួលទាំងបងប្អូនប្រជាកសិករ និងអ្នកទិញ ដោយមិនឱ្យមានការកកស្ទះនោះឡើយ។ សូមអរគុណ!

0 Comments