ថ្ងៃចេញផ្សាយ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០: នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់នៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការ១២ចំណុច មានដូចខាងក្រោម:
1. ការហាមឃាត់ ឬការកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
2. ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
3. ការហាមឃាត់ ឬការកម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
4. ការហាមឃាត់ ឬការកម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ។
5. ការដាក់ចេញវិធានការចត្តាឡីស័ក ឬការដាក់ឱ្យនៅដោយឡែក ក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
6. ការដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
7. ការដាក់ចេញវិធានការទាក់ទងនឹងកំណើន ការដកហូត ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិ និងសេវារបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានភាពចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃកំណែន ការដកហូត ការគ្រប់គ្រង ការចាត់ចែង ព្រមទាំងការផ្តល់សំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
8. ការដាក់ចេញវិធានការទាក់ទងនឹងការកំណត់ថ្លៃទំនិញ និងសេវា ដែលមានភាពចាំបាច់ដើម្បីឆ្លើយតបភាពអាសន្ន។
9. ការដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយដែលមានភាពចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
10. ការដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
11. ការហាមឃាត់ ឬការកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចល ឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
12. ការដាក់ចេញវិធានការដទៃទៀតដែលសមស្របនិងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
វិធានការអនុវត្តពេលប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នអាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។
ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរាជរដ្ឋាភិបាលអាចធ្វើឡើងតាមរបបអាជ្ញាសឹក។
ដកស្រង់ចេញពី: ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ដែលស្ថិតក្នុងភាពប្រកាសអាសន្ន។ សូមអរគុណ!

0 Comments