ថ្ងៃចេញផ្សាយ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងក្នុងខណៈចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០០០គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យនាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០នេះថា ចំនួនប្រជាពលរដ្ឋដែលស្លាប់ដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេស បានកើនដល់ចំនួន៣៦នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ ចំនួន១៩នាក់។ ក្នុងពីធីនោះដែរ សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមនូវមរណទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ ឮសម្តេចតេជោបានមានប្រសាសន៍បន្តថា ក្រុងប៉ោយប៉ែតទឹកជំនន់ចាប់ផ្តើមចុងក្រោយគេ ដោយសារជំនន់ទឹកភ្លៀង និងការបាក់ទំនប់ផង ហើយក្នុងអំឡុងពេលមានទឹកជំនន់ អ្វីដែលយើងត្រូវគិតសំខាន់មុនគេនោះ គឺការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងសុវត្តិភាព ដើម្បីចៀសវាងការគ្រោះថ្នាក់ និងប៉ះពាល់ដល់អាយុជីវិត។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តី ជាសម្ភារ ស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួម ជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយរបស់ជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពជាឱ្យបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ។ សូមអរគុណ!


0 Comments